“បីសំណួរ” ដោយអ្នកនិពន្ធជនជាតិរុស្សី លីអូ ថូលស្តយ
“បីសំណួរ” គឺជារឿងខ្លីមួយដោយអ្នកនិពន្ធជនជាតិរុស្សី លីអូ ថូលស្តយ (Leo Tolstoy) បោះពុម្ពលើកដំបូងក្នុងឆ្នាំ១៨៨៥ ដែលជាផ្នែកមួយនៃក្រុមសៀវភៅ What Men Live By និងរឿងផ្សេងៗទៀត។ រឿងនេះយកទម្រង់នៃរឿងប្រៀបប្រដូច ហើយវាទាក់ទងនឹងព្រះរាជាមួយអង្គដែលចង់រកចម្លើយចំពោះអ្វីដែលទ្រង់ចាត់ទុកជាសំណួរសំខាន់បីក្នុងជីវិត។
សង្ខេប៖
គំនិតនោះបានមកដល់ព្រះរាជាមួយអង្គថា ទ្រង់នឹងមិនសាបសូន្យឡើយ ប្រសិនបើទ្រង់ដឹងរឿងបីយ៉ាង។ រឿងបីយ៉ាងនេះ គឺ៖
- តើអ្វីជាពេលវេលាដ៏ត្រឹមត្រូវដើម្បីចាប់ផ្ដើមអ្វីគ្រប់យ៉ាង?
- តើនរណាជាមនុស្សដែលត្រឹមត្រូវក្នុងការស្តាប់ ហើយតើនរណាដែលត្រូវចៀសវាង?
- តើអ្វីជារឿងសំខាន់បំផុតដែលត្រូវធ្វើ?
ទ្រង់បានប្រកាសថា អ្នកដែលឆ្លើយត្រូវ នឹងបានរង្វាន់។ បុរសដែលមានការរៀនសូត្រជាច្រើនបានព្យាយាមឆ្លើយនូវសំណួររបស់ព្រះរាជា ប៉ុន្តែពួកគេទាំងអស់គ្នាបានឆ្លើយខុសៗគ្នា។ ព្រះរាជាបានសម្រេចព្រះទ័យទៅសួរតាបសដែលមានប្រាជ្ញាឆ្លាតវៃនៅភូមិក្បែរនោះ។ តាបស នឹងចួបតែមនុស្សសមាញ្ញធម្មតាប៉ុណ្ណោះ ដូច្នេះព្រះរាជាក៏ស្លៀកពាក់ធម្មតា ទុកអ្នកយាមនៅពីក្រោយ ហើយទៅមើលតាបស។ តាបស កំពុងជីកសួនផ្កា ពេលព្រះរាជាយាងមកដល់។ ព្រះរាជាទ្រង់សួរសំណួររបស់ព្រះអង្គ ប៉ុន្តែតាបសនៅតែបន្តជីក។ ព្រះរាជាបានស្នើសុំជីកឲ្យគាត់មួយរយៈ។ លុះជីកបានមួយរយៈហើយ ព្រះរាជាក៏សួរសំណួររបស់ព្រះអង្គម្ដងទៀត។ មុននឹងតាបសអាចឆ្លើយបាន មានបុរសម្នាក់លេចចេញពីក្នុងព្រៃមក។ គាត់ហូរឈាមពីរបួសក្រពះដ៏គួរឲ្យខ្លាច។ ព្រះរាជាទ្រង់បានមើលថែទាំគាត់ ហើយស្នាក់នៅជាមួយគ្នាមួយយប់ក្នុងខ្ទមរបស់តាបស។ លុះដល់ថ្ងៃបន្ទាប់ បុរសរងរបួសមានសភាពធូរស្រាលជាងមុន ប៉ុន្តែដំបូងមិនជឿចំពោះជំនួយដែលគាត់បានទទួលទេ។ បុរសនោះបានសារភាពថា ខ្លួនដឹងថាព្រះរាជាជានរណា ហើយថាព្រះរាជាបានប្រហារជីវិតបងប្រុសរបស់ខ្លួន និងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ខ្លួន។ គាត់មកសម្លាប់ព្រះរាជា ប៉ុន្តែអ្នកយាមរបស់ព្រះរាជាបានធ្វើឲ្យគាត់របួស។ បុរសនោះបានស្បថថានឹងស្មោះស្ម័គ្រចំពោះព្រះរាជា ហើយក៏បន្តដំណើរទៅ។ ព្រះរាជាទ្រង់សួរតាបសម្ដងទៀត ដើម្បីបានចម្លើយ ហើយតាបសក៏បានឆ្លើយថា គាត់ទើបតែមានចម្លើយចំពោះសំណួររបស់ទ្រង់៖
- ពេលវេលាដ៏សំខាន់បំផុត គឺ ឥឡូវនេះ (បច្ចុប្បន្ន) ។ បច្ចុប្បន្ន គឺជាពេលវេលាតែមួយគត់ដែលយើងមានអំណាច។
- មនុស្សសំខាន់បំផុត គឺមនុស្សដែលអ្នកនៅជាមួយ។
- អ្វីដែលសំខាន់បំផុត គឺធ្វើល្អចំពោះមនុស្សដែលអ្នកនៅជាមួយ។
អត្ថបទទាក់ទង