យុទ្ធសាស្រ្តមួយចំនួន ៤ ដើម្បីទទួលបានបុគ្គលិកដែលមានទេពកោសល្យ និងសក្តានុពលខ្ពស់
បុគ្គលិក បុក-គៈលិកៈ ឬ –លិក បា.; សំ. ( គុ. ) (បុទ្គលិក) ដែលចំពោះបុគ្គល ឬសម្រាប់បុគ្គលម្នាក់ៗ មិនមែនជាសាធារណៈទួទៅ : របស់បុគ្គលិក ។ ព. ផ្ទ. សង្ឃិក, សាធារណៈ, សាធារណ៍ ។ ន. ភ្នាក់ងាររាជការដែលធ្វើការក្នុងក្រសួងរាជការផ្សេងៗ ឬនិយោជិតនៃគ្រឹះស្ថានពាណិជ្ជកម្មជាដើម : បុគ្គលិកក្នុងក្របខ័ណ្ឌ, បុគ្គលិកទិនិក ។(បារ. Personnel)។ បុគ្គលិកភាព ភាពនៃបុគ្គលិក គឺភាពនៃបុគ្គលម្នាក់ៗ ។ បុគ្គលិកលក្ខណៈ លក្ខណៈនៃបុគ្គលិក គឺលក្ខណៈរបស់បុគ្គលម្នាក់ៗ ។ល។
តើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីពង្រីកក្រុមហ៊ុនហើយឬនៅ? ការពិនិត្យមើលបានល្អិតល្អន់ទាក់ទងនឹងពេលវេលា ទីកន្លែង និងរបៀបជួលបុគ្គលិកជារឿងសំខាន់ណាស់ក្នុងដំណាក់កាលនេះ។ បើសួរស្ថាបនិកក្រុមហ៊ុនណាក៏ដោយអំពីអាទិភាពចម្បងក្នុងពាណិជ្ជកម្ម គេនឹងបញ្ជាក់អំពីការជួលមនុស្សត្រូវជំនាញជាមិនខាន។ ប៉ុន្តែបើទោះជាយើងផ្តល់សារៈសំខាន់ដល់ចំណុចមួយនេះខ្លាំងយ៉ាងណា ក៏ក្រុមហ៊ុនភាគច្រើននៅតែពិបាកជ្រើសរើសបានបុគ្គលិកដែលគេចង់បាន។
បន្ថែមពីលើនេះ ការសិក្សាស្រាវជ្រាវក្នុងពេលថ្មីៗនេះបង្ហាញថា ការជួលបុគ្គលិក ពិតជារឿងចាំបាច់ណាស់សម្រាប់ពាណិជ្ជកម្មថ្មី និងក្រុមហ៊ុនតូចៗ។ បេក្ខភាពបុគ្គលិកដែលមានសក្តានុពលខ្ពស់ ច្រើនតែចូលចិត្តសន្តិសុខ និងសុវត្ថិភាពនៅក្នុងក្រុមហ៊ុនធំៗដែលចាក់ឫសយូរមកហើយ។
បើអ្នកទើបតែចាប់ផ្តើមពាណិជ្ជកម្មថ្មី ឬកំពុងគិតចង់ពង្រីកពាណិជ្ជកម្ម អ្នកមិនអាចព្រងើយកន្តើយចំពោះរឿងជួលបុគ្គលិកទេ។ ខាងក្រោមនេះជាយុទ្ធសាស្រ្តមួយចំនួនដែលអ្នកគួរតែអនុវត្តដើម្បីទទួលបានបុគ្គលិកដែលមានទេពកោសល្យ និងសក្តានុពលខ្ពស់៖
១. ជួលបុគ្គលិកនៅពេលក្រុមហ៊ុនរីកចម្រើន
សំណួរដែលតែងតែស្ថិតនៅក្នុងគំនិតរបស់សហគ្រិនភាគច្រើន គឺថាតើពេលណាដែលត្រូវជួលបុគ្គលិក? ចម្លើយគឺនៅពេលដែលអ្នកកំពុងតែស្ថិតក្នុងដំណាក់កាលពង្រីកក្រុមហ៊ុន។ ចំពោះស្ថាបនិកនៅក្នុងដំណាក់កាលដំបូងៗ គេច្រើនតែចង់ធ្វើការងារទាំងអស់ដោយខ្លួនឯង។ ប៉ុន្តែនៅពេលអ្នកត្រៀមខ្លួនដើម្បីរីកចម្រើន អ្នកមិនអាចគេចផុតពីការជួលមនុស្សមកធ្វើការនោះទេ ជាពិសេសក្រុមផលិត។ ការជួលមនុស្សខ្លាំងពូកែមកធ្វើការ នឹងជួយឱ្យអ្នកមានសេរីភាពពេលវេលាច្រើនដើម្បីផ្តោតគិតនិងធ្វើកិច្ចការចាំបាច់ជាច្រើនទៀតដើម្បីដឹកនាំក្រុមហ៊ុនទៅកម្រិតកាន់តែខ្ពស់។
២. កុំធ្វើតាមរបៀបសម្ភាសន៍ការងារទូទៅ
ការសិក្សាជាច្រើនបង្ហាញថារបៀបសម្ភាសន៍ការងារតាមទម្លាប់ដែលពោរពេញដោយសម្ពាធអារម្មណ៍នោះមិនមែនជាវិធីល្អក្នុងការជ្រើសរើសបុគ្គលិកខ្លាំងពូកែទេ។ អ្នកគួរតែស្វែងរកមធ្យោបាយច្នៃប្រឌិតដើម្បីស្គាល់បេក្ខភាពបុគ្គលិករបស់អ្នកឱ្យបានច្បាស់។ ជាក់ស្តែង សហគ្រិនខ្លះអញ្ជើញបេក្ខភាពបុគ្គលិកចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំរយៈពេលពីរបីថ្ងៃដើម្បីផ្តល់ឱកាសឱ្យគេបង្ហាញស្នាដៃនិងសមត្ថភាពជាក់ស្តែង ជាពិសេសរបៀបធ្វើការជាក្រុម។
៣. កុំមើលរំលងបេក្ខភាពដែលមិនល្អឥតខ្ចោះ
ការងារនៅក្នុងពាណិជ្ជកម្មថ្មី តម្រូវឱ្យមានការបត់បែនក្នុងកម្រិតខ្ពស់ដែលក្រុមហ៊ុនធំៗជាទូទៅមិនសូវផ្តល់តម្លៃបុន្មានទេ។ ដោយសារហេតុផលនេះហើយ បេក្ខភាពដែលមានលក្ខណសម្បត្តិល្អឥតខ្ចោះក្នុងតម្រូវការជំនាញ និងសមត្ថភាពដែលអ្នកចង់បាននោះប្រហែលមិនមែនជាជម្រើសល្អទេ។ ផ្ទុយទៅវិញ បេក្ខភាពដែលមិនសូវមានចំណុចល្អច្រើននៅលើក្រដាសប្រវត្តិការងារ ប្រហែលមានបុគ្គលិកលក្ខណៈដែលក្រុមហ៊ុនអ្នកត្រូវការច្រើនដូចជាការប្រឹងប្រែង ភាពបត់បែន ភាពអត់ធ្មត់ និងមហិច្ឆតា។
៤. សម្លឹងមើលគ្រប់ឱកាស
សហគ្រិនខ្លះបង្កើតកំហុសដោយផ្តោតចិត្តមើលតែលើការជួបជាមួយបេក្ខភាពថ្មីៗនៅពេលមានមុខតំណែងអ្វីមួយដែលទំនេរក្នុងក្រុមហ៊ុន។ ប៉ុន្តែក្រុមអ្នកជំនាញអះអាងថាអ្នកគួរតែសម្លឹងរកមើលសក្តានុពលជួលបុគ្គលិកគ្រប់ពេលទាំងអស់។ សព្វថ្ងៃនេះមនុស្សដែលមានទេពកោសល្យនិងសមត្ថភាពខ្ពស់មានតម្រូវការច្រើនពីក្រុមហ៊ុនដែលប្រជែងគ្នា គឺខុសពីស្ថានភាពដែលបុគ្គលិកស្វែងរកការងារធ្វើ។ ដូច្នេះហើយអ្នកត្រូវសម្លឹងមើលគ្រប់ឱកាស និងបង្កើតបណ្តាញទំនាក់ទំនងល្អដើម្បីរំពៃមើលបេក្ខភាពដែលមានសក្តានុពលសម្រាប់ក្រុមហ៊ុនរបស់អ្នក។
អត្ថបទទាក់ទង
ចំណុចសំខាន់ៗចំនួន ៥ ក្នុងការប្រើប្រាស់បុគ្គលិកខាងក្រៅមកធ្វើការ