តើអ្វីគឺជាការសិក្សាមនុស្សពេញវ័យ (Adult Learning)?

លោក Malcolm Shepherd Knowles (1913 – 1997) គឺជាអ្នកអប់រំជនជាតិអាមេរិចដែលល្បីល្បាញដោយសារការប្រើប្រាស់ពាក្យ Andragogy មានន័យដូចនឹងការអប់រំមនុស្សពេញវ័យ។ យោងតាមលោក Malcolm Knowles, Andragogy គឺជាសិល្បៈ និងវិទ្យាសាស្រ្តនៃការសិក្សារបស់មនុស្សពេញវ័យ ដូច្នេះ Andragogy សំដៅទៅលើទម្រង់នៃការរៀនរបស់មនុស្សពេញវ័យ (Kearsley, 2010)។

ការបកប្រែពាក្យនេះអាចត្រូវបានសន្មត់ស្មើនឹងពាក្យគរុកោសល្យ (Pedagogy) ។ Andragogy នៅក្នុងភាសាក្រិចមានន័យថាមនុស្សដែលនាំមុខ ក្នុងការប្រៀបធៀបទៅនឹង Pedagogy ដែលនៅក្នុងភាសាក្រិចមានន័យថាកុមារដែលឈានមុខគេ។ ទោះយ៉ាងណាវាត្រូវបានគេកត់សម្គាល់ថាពាក្យ Pedagogy ត្រូវបានប្រើចាប់តាំងពីសម័យក្រិចបុរាណ ខណៈ Alexander Kapp ជាគ្រូបង្រៀនជនជាតិអាឡឺម៉ង់បានប្រើពាក្យ Pedagogy ជាលើកដំបូងក្នុងឆ្នាំ 1833។

គោលការណ៍ទាំង4 របស់ Knowles – Andragogy

ក្នុងឆ្នាំ 1984 លោក Knowles បានណែនាំគោលការណ៍ចំនួន 4 ដែលត្រូវបានអនុវត្តចំពោះការសិក្សាមនុស្សពេញវ័យ៖

  1. មនុស្សពេញវ័យចាំបាច់ត្រូវចូលរួមក្នុងការធ្វើផែនការ និងវាយតម្លៃការបង្រៀនរបស់ពួកគេ។
  2. បទពិសោធន៍ (រួមទាំងកំហុសឆ្គង) ផ្តល់នូវមូលដ្ឋានសម្រាប់សកម្មភាពសិក្សា។
  3. មនុស្សពេញវ័យចាប់អារម្មណ៍បំផុតក្នុងការរៀនមុខវិជ្ជាដែលជាប់ទាក់ទង និងមានឥទ្ឋិពលលើការងារ ឬជីវិតផ្ទាល់ខ្លួនពួកគេភ្លាមៗ។
  4. ការសិក្សារបស់មនុស្សពេញវ័យ គឺផ្តោតលើបញ្ហា ជាជាងផ្តោតទៅលើខ្លឹមសារ (Kearsley, 2010)។

ដំណើរការនៃសកម្មភាពសិក្សា ដែលបង្កើតឡើងដោយ Reginald Revans ប្រហែល 50 ឆ្នាំមុននៅក្នុងប្រទេសអង់គ្លេស គឺផ្អែកលើទស្សនៈនៃមនុស្សពេញវ័យ។ សកម្មភាពសិក្សា អះអាងថាមនុស្សពេញវ័យរៀនសូត្របានល្អបំផុតនៅពេល៖

  • ធ្វើការដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន និងពិភពលោកពិតប្រាកដ
  • ពួកគេមានមុខងារខ្ពស់ក្នុងការដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន
  • ពួកគេពិតជាអនុវត្តសំភារៈ និងពត៍មានថ្មីៗ
  • ផ្លាស់ប្តូរមតិយោបល់បន្តជាប់ជានិច្ចជុំវិញបទពិសោធន៍របស់ពួកគេ

ការសន្មត់ទាំង 5 របស់ Knowles ចំពោះអ្នកសិក្សាពេញវ័យ

នៅឆ្នាំ 1980, Knowles បានធ្វើការសន្មត់ចំនួន 4 អំពីលក្ខណៈរបស់សិស្សពេញវ័យ (Andragogy) ដែលខុសគ្នាពីការសន្មត់អំពីអ្នកសិក្សាវ័យក្មេង (Pedagogy)។ នៅឆ្នាំ 1984 Knowles បានបន្ថែមការសន្មត់ទី 5 ។

  1. គំនិតខ្លួនឯង (Self-Concept)៖ ក្នុងនាមជាមនុស្សដែលមានភាពចាស់ទុំ គំនិតផ្ទាល់ខ្លួនរបស់គាត់ ផ្លាស់ប្តូរពីមនុស្សម្នាក់ដែលមានបុគ្គលិកលក្ខណៈពឹងពាក់មិនឯករាជ្យ ឆ្ពោះក្លាយទៅជាមនុស្សម្នាក់ដែលដឹកនាំដោយខ្លួនឯង (Self-Directed)។
  2. បទពិសោធន៍អ្នកសិក្សាពេញវ័យ៖ ក្នុងនាមជាមនុស្សម្នាក់ដែលមានភាពចាស់ទុំ  គាត់បង្កើនកន្លែងផ្ទុកនូវបទពិសោធន៏កាន់តែច្រើនឡើង ដែលក្លាយទៅជាធនធានកាន់តែច្រើនឡើងសម្រាប់ការរៀនសូត្រ។
  3. ការត្រៀមខ្លួនរួចរាល់ដើម្បីសិក្សា៖ ក្នុងនាមជាមនុស្សម្នាក់ដែលមានភាពចាស់ទុំ ការត្រៀមខ្លួនរួចរាល់ដើម្បីសិក្សារបស់គាត់ ត្រូវបានតម្រង់ទិសកាន់តែខ្លាំងឡើងទៅនឹងការអភិវឌ្ឍនៃតួនាទីរបស់គាត់ក្នុងសង្គម។
  4. ទិសដៅសិក្សា៖ ក្នុងនាមជាមនុស្សម្នាក់ដែលមានភាពចាស់ទុំពេល ទស្សនៈពេលវេលារបស់គាត់ ផ្លាស់ប្តូរពីមនុស្សម្នាក់ដែលពន្យារពេលអនុវត្តចំណេះដឹង ទៅជាការអនុវត្តភ្លាមៗ។ ជាលទ្ធផល ការតម្រង់ទិសរបស់គាត់ឆ្ពោះទៅរកជំហរការរៀនសូត្រ ផ្លាស់ប្តូរពីការផ្តោតទៅប្រធានបទមួយ (Subject-Centered) ទៅជាការផ្តោតលើបញ្ហា(Problem-Centered)។
  5. ការជម្រុញលើកទឹកចិត្តដើម្បីសិក្សា៖ ក្នុងនាមជាមនុស្សម្នាក់ដែលមានភាពចាស់ទុំ ការជម្រុញលើកទឹកចិត្តដើម្បីសិក្សា គឺចេញពីខាងក្នុង (Internal) (Knowles 1984: 12)។

គោលការណ៍ទាំងនេះត្រូវបានពន្យល់បន្ថែមដោយការងាររបស់លោក Peter M. Senge ដែលបានពិពណ៌នានៅក្នុងសៀវភៅរបស់គាត់ក្រោមចំណងជើង គោលការណ៍ទីប្រាំ (The fifth discipline: The art and practice of the learning organization, by Peter Senge, New York: Doubleday/Currency, 1990)។ បើទោះបីជាគោលការណ៍ទាំងនេះហាក់ដូចជាមានភាពច្បាស់លាស់ តែសូមលោកអ្នកគិតពីរបៀបដែលពួកវាត្រូវបានប្រើប្រាស់យ៉ាងតិចតួចនៅក្នុងសហសម័យ គឺទម្រង់នៃការអប់រំតាមបែបប្រពៃណី ដែលមនុស្សត្រូវបានគេរំពឹងថានឹងអង្គុយក្នុងថ្នាក់ និងស្តាប់ពីអ្នកជំនាញលើប្រធានបទមួយ។ បន្ទាប់ពីថ្នាក់រៀនទាំងនោះដល់ម៉ោងបញ្ចប់ អ្នកសិក្សាកម្រជួបគ្នាណាស់ ហើយជាងនេះទៅទៀត សូម្បីតែការចែករំលែកមតិយោបល់ស្ថាបនាជុំវិញការអនុវត្តមេរៀនថ្មីៗក៍គ្មាន។

 

 

Leave a Reply

Your email address will not be published. Required fields are marked *