កត្តាសំខាន់ៗចំនួន ៦ ដែលអ្នកគួរចៀសវាង ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរឡើង

ការអភិវឌ្ឍផ្ទាល់ខ្លួន មានន័យថារៀបចំខ្លួនអ្នកដើម្បីទទួលបាននូវកំណែថ្មីបំផុតរបស់អ្នក។ វាមានន័យថា ការស្វែងរកតំបន់ការងារដែលអ្នករកឃើញពីភាពរីករាយ កែលម្អផ្នត់គំនិតកំណត់គោលដៅ និងការសម្រេចបាន។

ការអភិវឌ្ឍខ្លួន គឺជាកត្តាសំខាន់ខ្លាំងណាស់ចំពោះបុគ្គលគ្រប់រូបសម្រាប់ទាំងជីវិតគ្រួសារ និងអាជីពការងារ។ តាមពិតស្ទើរតែគ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នេះ ក៏ប៉ុន្តែមានមនុស្សជាច្រើនដែលមិនអាចធ្វើវាបានល្អប្រសើរនិងជោគជ័យដូចនេះចម្ងល់ស្ថិតនៅត្រង់ថាតើហេតុអ្វីបានជាមនុស្សខ្លះទទួលបានជោគជ័យ ក្នុងការធ្វើឲ្យខ្លួនបានអភិវឌ្ឍបានល្អប្រសើរឡើង និងខ្លះបរាជ័យទៅវិញ?

ជារួម កត្តាដែលរាំងខ្ទប់ដល់ការអភិវឌ្ឍខ្លួនឲ្យបានជោគជ័យគឺ៖

១. គំនិតចង្អៀតចង្អល់

ធម្មជាតិនៃចិត្ត មានឥទ្ធិពលលើអារម្មណ៍ និងបញ្ជារាល់សកម្មភាពនៃតួកាយទាំងឡាយបាន។ ចិត្តទូលាយ ចិត្តចង្អៀត ចិត្តនឹង អាស្រ័យលើបុគ្គលម្នាក់ៗចេះគ្រប់គ្រងចិត្ត និងទទួលយកគ្រប់រូបភាពបង្កើតចិត្តដែលកើតពីញាណផ្ទាល់ខ្លួន។ ចិត្តចង្អៀត ធ្វើឱ្យមនុស្សមើលឃើញបញ្ហាទាំងអស់សុទ្ធតែលំបាកស្មុគស្មាញ​​ ប៉ុន្តែបើមនុស្សសាកល្បងបើកចិត្តឱ្យទូលាយបន្តិច អ្វីៗគ្រប់យ៉ាងមិនមែនជាបញ្ហាទៀតឡើយ។

ការមិនបើកទូលាយចិត្តគំនិតក្នុងការស្តាប់ឮចំណុចអាក្រក់របស់ខ្លួន និងមិនព្រមរៀនទទួលយកនូវការកែតម្រូវ ឬការរិះគន់ពីចំណុចមិនល្អ និងការមិនចែករំលែកចំណេះដឹងធនធាន ឬក្តីមេត្តាដោយចិត្តរីករាយដល់អ្នកដទៃ គឺជាការខាត់បង់មួយដ៏ធំ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃយើងនឹងបន្តរក្សានូវចំណុចមិនល្អកាន់តែច្រើនឡើងៗ និងកាន់តែបាត់បង់នូវឳកាសក្នុងការទទួលបាននូវការស្រឡាញ់រាប់អាន និងភាពស្និទ្ធស្នាលពីមនុស្សជុំវិញខ្លួនកាន់តែច្រើនឡើងៗ។

២. ការនិយមដោះសារ និងបន្ទោសកត្តាក្រៅខ្លួន ឬអ្នកដទៃ

ការដោះសារ គឺជាលេស ការពន្យាពេល ឬជាការគេចវេសធ្វើអីមួយ។ នៅពេលដែលមនុស្សមានលេសកាន់តែច្រើន ធ្វើឱ្យការបំពេញការងារ ឬការរៀនសូត្រ មិនបានជោគជ័យនោះទេ ដោយសារមានលេសនេះ លេសនោះជានិច្ច។

មនុស្សដែលចូលចិត្តដោះសារ មិនហ៊ានប្រឈមមុខ ឬថែមទាំងបន្ទោសកត្តាក្រៅខ្លួនច្រើនគឺជាមនុស្សដែលខ្វះការទទួលខុសត្រូវនិងចូលចិត្តផ្តេកផ្តួលខ្លួនទៅតាមព្រហ្មលិខិតការដោះសារគឺតែងតែនាំឲ្យយើងខ្វះការយកចិត្តទុកដាក់ក្នុងការឆ្លុះបញ្ចាំង នូវកំហុសខ្លួនឯងនិងពុំបានខិតខំប្រឹងប្រែងកែលំអខ្លួនជាប្រចំាឡើយ។

៣. កង្វះខាតជំហរផ្ទាល់ខ្លួន និងការពុំស្គាល់ពីតម្លៃនៃភាពត្រឹមត្រូវ

មនុស្សដែលគ្មានជំហរខ្លួនឯងច្បាស់លាស់ និងពុំស្គាល់ពីតម្លៃនៃភាពត្រឹមត្រូវ គេនឹងបណ្តោយខ្លួនឲ្យរៀន ទទួលយកគំរូ ឬអនុវត្តតាមនូវចំណុចអាក្រក់ពីមនុស្ស ឬបរិយាកាសជុំវិញខ្លួនដោយងាយបំផុត ដូចនេះពួកគេនឹងក្លាយទៅជាជនរងគ្រោះ ហើយងាយនឹងបាត់បង់ឳកាសក្នុងធ្វើឲ្យខ្លួនរីកចម្រើន ឬប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

៤. អញនិយម

មនុស្សយេីងបេីមិនអាង អញមានជាង អញពូកែជាង អញខ្លាំងជាង អញស្អាតជាង អញល្បីជាង អញក្មេងជាង ។ល។ នោះមនុស្សពិតជាគួរស្រឡាញ់ណាស់។ ដោយសារអាងនេះអាងនោះ ទើបមនុស្សប្រកាន់ទិដ្ឋិមាន ហេីយបាត់នូវគុណធម៌។

បុគ្គលដែលចូលចិត្តតែគិតថាខ្លួនឯងពូកែ សំខាន់អស្ចារ្យជាងអ្នកដទៃ ឬគំនិតរបស់ខ្លួនតែងតែត្រូវ គឺនឹងចួបនូវការលំបាក់ក្នុងការរក ឬទទួលបានឱកាសក្នុងរៀនសូត្រចំណុចល្អ និងចំណេះដឹងថ្មីៗបន្ថែមទៀតពីមនុស្សនិងស្ថានការណ៍ជុំវិញខ្លួន។ ភាសិតខ្មែរលើកឡើងថា “ងើយស្កក ឱនដាក់គ្រាប់” ។

៥. កង្វះកម្លាំងជំរុញចិត្ត និងផ្នត់គំនិតអវិជ្ជមាន

មនុស្សដែលមានផ្នត់គំនិតអវិជ្ជមាន គឺតែងតែគិតថាខ្លួនឯងអន់ ទន់ខ្សោយឬគ្មានគំនិតក្នុងការពុះពារតស៊ូឬឆន្ទៈមុះមុតឡើយក្នុងការធ្វើអ្វីមួយ ពោលគឺពួកគេមិន ចង់ធ្វើកិច្ចការណាដែលថ្មីៗ លំបាកៗ ឬមានហានិភ័យខ្ពស់ឡើយដូចនេះគេតែងតែបាត់ឳកាសក្នុងរៀនសូត្រអ្វីដែលថ្មី និងទទួលបានបទពិសោធល្អៗ និងលទ្ធផលថ្មីៗ។

៦. ភាពមិនច្បាស់លាស់ចំពោះគោលដៅនៃជីវិត

មនុស្សដែលគ្មានគោលដៅជីវិតច្បាស់លាស់ តែងតែខ្វះនូវកម្លាំងចិត្ត និងឆន្ទៈមុះមុត ជាងនេះទៅទៀតគឺមិនដឹងថាត្រូវត្រៀមខ្លួន និងធ្វើអ្វីៗខ្លះដើម្បីសម្រេចគោលដៅអ្វីមួយឡើយ ហើយពេលខ្លះចេះតែធ្វើនេះធ្វើនោះដោយគ្មានកម្លាំងចិត្តគ្មានការយកចិត្តទុកដាក់ខ្ពស់ និងខ្វះភាពជាម្ចាស់ការនឹងកិច្ចការ ឬកាតព្វកិច្ចរបស់ខ្លួន។

ជារួមមក៖

  • គ្មានមនុស្សណាក្រជាងមនុស្សដែលគ្មានក្តីសង្ឃឹម និងឆន្ទៈនោះទេ!
  • មនុស្សដែលគ្មានវិន័យខ្ជាប់ខ្ជួន គឺជាមនុស្សដែលគ្មានតម្លៃពិតនោះទេ!
  • អ្វីដែលមនុស្សមានដូចគ្នា គឺចំណុចខ្លាំង និងចំណុចខ្សោយ តែមនុស្សមានផ្នត់គំនិត ការតាំងចិត្ត និងការខិតខំមិនដូចគ្នានោះទេ នោះហើយជាកត្តាដែលធ្វើមនុស្សមានជោគជ័យមិនដូចគ្នា។

ដូចនេះ យើងគួរតែគេចឲ្យផុតពីកត្តាអវិជ្ជមានខាងលើនេះ ដោយការសេពគប់មនុស្ស ការគិត និងការប្រព្រឹត្តិឲ្យបានត្រឹមត្រូវ ព្រមទាំងដុសខាតផ្នត់គំនិត ចំណេះដឹង និងអត្តចរិតឲ្យបានប្រសើរឡើងជាប្រចាំដើម្បីភាពរីកចម្រើនជានិច្ចនិរន្តរ៍។


អត្ថបទទាក់ទង

១០០ សកម្មភាព ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបុគ្គលឆ្នើម

Leave a Reply

Your email address will not be published. Required fields are marked *