តើជំងឺថប់បារម្ភគឺជាអ្វី?

ជំងឺថប់បារម្ភ គឺជាជំងឺផ្លូវចិត្តម្យ៉ាងដែលកើតមានញឹកញាប់។ វាគឺជាចង្កោមនៃជំងឺផ្លូវចិត្តដែលកំណត់ដោយអារម្មណ៍ថប់បារម្ភ និងការភ័យខ្លាចយ៉ាងសំខាន់ និងមិនអាចគ្រប់គ្រងបាន ដែលនាំឲ្យសង្គម ការងារ និងមុខងារផ្ទាល់ខ្លួនរបស់មនុស្សម្នាក់មានការចុះខ្សោយយ៉ាងខ្លាំង។ ការថប់បារម្ភ អាចបណ្តាលឱ្យមានរោគសញ្ញាផ្លូវកាយ និងការយល់ដឹង ដូចជាការថប់បារម្ភ ឆាប់ខឹង ឆាប់អស់កម្លាំង ពិបាកផ្តោតអារម្មណ៍ បេះដូងលោតញាប់ ឈឺទ្រូង ឈឺពោះ និងរោគសញ្ញាផ្សេងៗដែលអាចប្រែប្រួលអាស្រ័យលើបុគ្គល។ ជាទូទៅ អ្នកជំងឺថប់បារម្ភ រមែងគិត និងព្រួយបារម្ភច្រើន (ហួសហេតុ) អំពីរឿងរ៉ាវក្នុងជីវិត ដូចជាគិតពីបញ្ហាការងារ បញ្ហាមុខរបរ ពីអនាគតកូនចៅ បញ្ហាគ្រួសារ និងជាពិសេសពីបញ្ហាខ្វះខាតក្នុងជីវភាព ។ល។ វាគឺ​ជា​ជំងឺ​ដែល​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ។ នៅ​ពេល​ដែលយើង​​មាន​អារម្មណ៍​ធុញថប់​ ព្រួយ​បារម្ភ​ហួស​ប្រមាណ​ ឬ​ភ័យ​ស្លន់​ស្លោ​នឹង​បញ្ហា​អ្វី​មួយ​ ទាំង​អស់​នេះ​ហើយ​ដែល​ជា​កត្តា​​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក និង​អាច​ថា​យើង​មាន​ជំងឺ​ថប់​បារម្ភ​។

រោគ​សញ្ញា​នៃ​ជំងឺ​ថប់​បារម្ភ

រោគ​សញ្ញា​នៃ​ជំងឺ​ថប់​បារម្ភ​ទូទៅ​ រួមមាន៖

  • មាន​អារម្មណ៍​ភ័យ មិន​ស្រួល​ ឬ​មាន​ភាព​តាន​តឹង
  • កើត​មាន​អារម្មណ៍​ថា​មាន​គ្រោះ​ថ្នាក់​ជិត​មក​ដល់ ​ភ័យ​ស្លន់​ស្លោ
  • ចង្វាក់បេះដូងកើនឡើង​
  • ដក​ដង្ហើម​ញាប់​
  • បែក​ញើស
  • ញ័រ
  • មាន​អារម្មណ៍​ខ្សោយ ​ឬ​អស់​កម្លាំង
  • កើត​មាន​បញ្ហា​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ ឬ​គិត​អំពី​អ្វី​ផ្សេង​ក្រៅ​ពី​កង្វល់​បច្ចុប្បន្ន
  • មាន​បញ្ហា​ក្នុង​ការ​គេង
  • ចួប​ប្រទះ​បញ្ហា​ក្រពះ​ពោះវៀន
  • ពិបាក​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍ទុក្ខព្រួយ ឬចង់រត់គេច​ពីបញ្ហា

ផល​វិបាក

ប្រសិនបើ​យើង​មាន​បញ្ហា​ថប់​បារម្ភ ហើយ​មិន​ស្វែង​រក​ការព្យាបាល​ទាន់ពេលវេលា នោះវាអាច​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​បាក់ទឹក​ចិត្ត ឬ​ជំងឺ​ផ្លូវ​ចិត្ត​ អាច​ឈាន​ដល់ប្រើ​ប្រាស់សារធាតុ​ញៀន ពិបាក​គេង ចួប​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ ឈឺក្បាល ឬឈឺក្បាល​រ៉ាំរ៉ៃ ពិបាកធ្វើ​ការ ចង់តែ​នៅ​ម្នាក់​ឯង និង​អា​ច​ឈាន​ដល់​ការសម្លាប់​ខ្លួន​ទៀត​ផង​។​

វីធីដោះស្រាយ

យើងអាចជួយអ្នកមានជំងឺថប់បារម្ភបានតាមរយៈវិធីមួយចំនួនដូចជា៖

  • លំហាត់សម្រាកចិត្ត-កាយ
  • តាមរយៈការពិគ្រោះយោបល់ ឬការផ្តល់ប្រឹក្សា
  • វិធីតាមបែបប្រពៃណីបុរាណ
  • វិធីព្យាបាលដោយគ្រូពេទ្យ។

តើ​គួរ​ទៅ​​ចួប​គ្រូពេទ្យ​នៅ​ពេល​ណា?

ប្រសិនបើអ្នកចេះ​តែ​​គិត​ថា៖

  • មាន​អារម្មណ៍​​​ព្រួយ​បារម្ភ​ច្រើន​​រំខាន​ដល់​ការងារ ​ទំនាក់​ទំនង ​ឬ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ជីវិត
  • មាន​ការ​ភ័យ​ខ្លាច​ ការ​ព្រួយ​បារម្ភ​ ឬ​ការ​ថប់​បារម្ភ​ធ្វើឱ្យ​​តូច​ចិត្ត​ និង​ពិបាក​គ្រប់​គ្រង
  • មាន​អារម្មណ៍​ក្រៀម​ក្រំ​ មាន​បញ្ហា​ និងការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ​ឬ​គ្រឿង​ញៀន​លើសកម្រិត ឬ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​ផ្លូវ​ចិត្ត​
  • គិត​ថា​ការ​ថប់​បារម្ភ​អាច​ជាប់​ទាក់​ទង​នឹង​បញ្ហា​សុខភាព​រាង​កាយ ឬ
  • មាន​គំនិត​គិត​ចង់​ធ្វើ​អត្តឃាត​

ប្រសិន​បើអ្នកមាន​រោគ​សញ្ញា​ដូច​ដែល​រៀប​រាប់​ខាង​លើ​ សូម​ប្រញាប់​ទៅ​ចួប​គ្រូពេទ្យ​ ឬ​អ្នក​ផ្ដល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​ មុន​ពេល​ជំងឺ​ថប់​បារម្ភ​​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ វា​អាច ​និង​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​ប្រសិន​បើ​យើង​​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។


អត្ថបទទាក់ទង

វិធីសាស្រ្ត ៨ ចំណុច ដើម្បីសម្រេចបាននូវសុខដុមរមនាក្នុងជីវិតការងារ និងផ្ទាល់ខ្លួន

 

 

Leave a Reply

Your email address will not be published. Required fields are marked *