“បីសំណួរ” ដោយអ្នកនិពន្ធជនជាតិរុស្សី លីអូ ថូលស្តយ

“បីសំណួរ” គឺជារឿងខ្លីមួយដោយអ្នកនិពន្ធជនជាតិរុស្សី លីអូ ថូលស្តយ (Leo Tolstoy) បោះពុម្ពលើកដំបូងក្នុងឆ្នាំ១៨៨៥ ដែលជាផ្នែកមួយនៃក្រុមសៀវភៅ What Men Live By និងរឿងផ្សេងៗទៀត។ រឿង​នេះ​យក​ទម្រង់​នៃ​រឿង​ប្រៀបប្រដូច ហើយ​វា​ទាក់ទង​នឹង​ព្រះរាជាមួយ​អង្គ​ដែល​ចង់​រក​ចម្លើយ​ចំពោះ​អ្វី​ដែល​ទ្រង់​ចាត់​ទុកជា​សំណួរ​សំខាន់​បី​ក្នុង​ជីវិត។

សង្ខេប៖

គំនិត​នោះ​បាន​មក​ដល់​ព្រះរាជាមួយ​អង្គ​ថា ទ្រង់​នឹង​មិន​សាបសូន្យ​ឡើយ ប្រសិនបើ​ទ្រង់​ដឹងរឿង​បី​យ៉ាង។ រឿងបីយ៉ាងនេះ គឺ៖

  • តើ​អ្វីជាពេល​វេលា​ដ៏​ត្រឹម​ត្រូវ​ដើម្បី​ចាប់​ផ្ដើម​អ្វី​គ្រប់​យ៉ាង?
  • តើនរណាជាមនុស្សដែលត្រឹមត្រូវក្នុងការស្តាប់ ហើយតើនរណាដែលត្រូវចៀសវាង?
  • តើអ្វីជារឿងសំខាន់បំផុតដែលត្រូវធ្វើ?

ទ្រង់បាន​ប្រកាស​ថា អ្នក​ដែល​ឆ្លើយ​ត្រូវ​ នឹង​បាន​រង្វាន់។ បុរសដែលមានការរៀនសូត្រជាច្រើនបានព្យាយាមឆ្លើយនូវសំណួររបស់ព្រះរាជា ប៉ុន្តែពួកគេទាំងអស់គ្នាបានឆ្លើយខុសៗគ្នា។ ព្រះរាជា​បានសម្រេចព្រះទ័យទៅ​សួរ​តាបស​ដែល​មាន​ប្រាជ្ញាឆ្លាតវៃ​នៅ​ភូមិ​ក្បែរ​នោះ។ តាបស​​ នឹងចួបតែ​មនុស្ស​សមាញ្ញធម្មតា​ប៉ុណ្ណោះ ដូច្នេះព្រះរាជា​ក៏​ស្លៀក​ពាក់​ធម្មតា ទុក​អ្នក​យាម​នៅ​ពី​ក្រោយ ហើយ​ទៅ​មើល​តាបស។ តាបស កំពុងជីកសួនផ្កា ពេលព្រះរាជាយាងមកដល់។ ព្រះរាជា​ទ្រង់​សួរ​សំណួរ​របស់​ព្រះអង្គ ប៉ុន្តែតាបសនៅតែបន្ត​ជីក​។ ព្រះរាជាបាន​ស្នើ​សុំជីកឲ្យ​គាត់​មួយ​រយៈ។ លុះ​ជីក​បាន​មួយ​រយៈ​ហើយ ព្រះរាជាក៏​សួរ​សំណួរ​របស់​ព្រះអង្គ​ម្ដង​ទៀត។ មុន​នឹងតាបសអាច​ឆ្លើយ​បាន មាន​បុរស​ម្នាក់​លេចចេញ​ពី​ក្នុង​ព្រៃមក។ គាត់​ហូរ​ឈាម​ពី​របួស​ក្រពះ​ដ៏​គួរ​ឲ្យ​ខ្លាច។ ព្រះ​រាជា​ទ្រង់​បានមើលថែទាំ​គាត់ ហើយ​​ស្នាក់​នៅជាមួយគ្នា​មួយ​យប់​ក្នុង​ខ្ទម​របស់​តាបស។ លុះ​ដល់​ថ្ងៃ​បន្ទាប់ បុរស​រង​របួស​មាន​សភាព​ធូរស្រាល​ជាង​មុន ប៉ុន្តែ​ដំបូងមិន​ជឿ​ចំពោះ​ជំនួយ​ដែល​គាត់​បាន​ទទួលទេ។ បុរស​នោះ​បាន​សារភាព​ថា ខ្លួន​ដឹង​ថា​ព្រះរាជា​ជា​នរណា ហើយថាព្រះរាជា​បាន​ប្រហារ​ជីវិត​បង​ប្រុស​របស់​ខ្លួន និងបាន​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។ គាត់​មក​សម្លាប់​ព្រះរាជា ប៉ុន្តែ​អ្នក​យាម​របស់​ព្រះរាជា​បាន​ធ្វើ​ឲ្យ​គាត់​របួស។ បុរស​នោះ​បាន​ស្បថ​ថានឹងស្មោះស្ម័គ្រចំពោះ​ព្រះរាជា​ ហើយ​ក៏​បន្ត​ដំណើរ​ទៅ។ ព្រះរាជា​ទ្រង់​សួរ​តាបស​ម្ដង​ទៀត ដើម្បី​បាន​ចម្លើយ ហើយ​តាបស​ក៏​បានឆ្លើយ​ថា គាត់​ទើបតែ​មានចម្លើយចំពោះ​សំណួរ​របស់ទ្រង់៖

  • ពេលវេលាដ៏សំខាន់បំផុត គឺ ឥឡូវនេះ (បច្ចុប្បន្ន) ។ បច្ចុប្បន្ន គឺជាពេលវេលាតែមួយគត់ដែលយើងមានអំណាច។
  • មនុស្សសំខាន់បំផុត គឺមនុស្សដែលអ្នកនៅជាមួយ។
  • អ្វីដែលសំខាន់បំផុត គឺធ្វើល្អចំពោះមនុស្សដែលអ្នកនៅជាមួយ។

អត្ថបទទាក់ទង

ការពិតចំនួន ១០ ដែលនឹងធ្វើឱ្យអ្នកកាន់តែរឹងមាំ

 

Leave a Reply

Your email address will not be published. Required fields are marked *