វិធីសាស្រ្ត ៨ ចំណុច ដើម្បីសម្រេចបាននូវសុខដុមរមនាក្នុងជីវិតការងារ និងផ្ទាល់ខ្លួន

សុខុមាលភាព [សុ-ខុ-ម៉ា-ឡៈ-ភាប] ន. ភាពនៃបុគ្គលអ្នកមានសេចក្ដីសុខ, ការដែលធ្លាប់តែស្រណុក : ឋិតនៅក្នុងសុខុមាលភាព។

សុខដុម [សុ-ខៈ-ដុំ] (បា. សុខតម “សុខក្រៃលែង”; រមន “សេចក្ដីរីករាយ”) ន. ការនៅផ្ដុំគ្នាឬនៅមូលគ្នាជាសុខឥតមោះហ្មងឬសេចក្ដីរីករាយសប្បាយដោយការនៅមូលគ្នាជាសុខស្រួល (ព.បុ.) : រកស៊ីដោយសុខដុម, នៅដោយសុខដុមរមនា។ កិ. នៅផ្ដុំគ្នាឬនៅមូលគ្នាជាសុខ, រីករាយសប្បាយដោយការនៅមូលគ្នាជាសុខស្រួល : ចេះតែសុខដុមនឹងគ្នាជានិច្ច; ត្រូវសុខដុមរមនានឹងគ្នាទៅ! (និយាយឬសរសេរក្លាយជា សុខដុំ រំមនា គួរលែងប្រើ)។

ភាពមមាញឹករបស់មនុស្សម្នាក់ៗ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនាពេលបច្ចុប្បន្ននេះ ហើយកាតព្វកិច្ចការងារ និងទំនួលខុសត្រូវជាច្រើនបានទាញយកពេលវេលានៃការរស់នៅបានយ៉ាងងាយ។ ដូច្នេះហើយ ការថែរក្សាខ្លួន ជាភារកិច្ចកាន់តែសំខាន់ជាងមុន ហើយ​ប្រសិនបើធ្វេសប្រហែស វាអាចនាំឱ្យខ្សោះថាមពល បង្កភាពតានតឹង ចំណែកឯសុខុមាលភាពវិញក៏ថយចុះផងដែរ។ ទន្ទឹមនឹងគ្នានោះដែរ បច្ចុប្បន្ន​មនុស្សបានចួបប្រទះនូវបញ្ហាជាច្រើន ដូចជាការធ្វើការងារច្រើនម៉ោង ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ភាពច្របូកច្របល់នឹងព័ត៌មាននៅក្នុងបណ្តាញសង្គមជាច្រើន ដោយ​កត្តាទាំងនេះបាននាំឱ្យមនុស្សហាក់ពិបាកនឹងអនុវត្តការថែទាំខ្លួនឱ្យបានជាប្រចាំ ខណៈវាជាសកម្មភាពមិនអាចកាត់ផ្តាច់បានពីការរស់នៅ។

ការថែទាំខ្លួន គឺជាសកម្មភាពទាំងឡាយណាដែលជំរុញ ឬលើកកម្ពស់ដល់រាងកាយឱ្យមានសុខភាពល្អ និងការពង្រឹងសុខភាពផ្លូវចិត្ត។ ហើយដើម្បីពង្រឹងបាននូវចំណុចនេះ គឺត្រូវការវិធីសាស្រ្តដែលត្រឹមត្រូវ និងពេលវេលាដ៏យូរ ក៏ដូចជាការកំណត់យកសុខុមាលភាពជាកិច្ចអាទិភាពក្នុងការប្រតិបត្តិ ទើបការអនុវត្តកាន់តែមានប្រសិទ្ធភាព។ យោងតាមគេហទំព័រ The Guardian បានបង្ហាញវិធីសាស្រ្ត ៨ ចំណុច ដើម្បីសម្រេចបាននូវសុខដុមរមនាក្នុងជីវិតការងារ ព្រមទាំងបង្កើតបានសុខមាលភាពចំពោះជីវិតផ្ទាល់ខ្លួន៖

១. ចាត់ទុកការថែទាំខ្លួនជាអាទិភាព

ការថែទាំខ្លួន គឺជារឿងហេតុដែលមិនអាចបដិសេធបាន និងជាចំណែកមួយអាទិភាពក្នុងការរស់នៅប្រចាំថ្ងៃ ដូចជាការសម្អាតខ្លួន ដុសធ្មេញ និងបរិភោគអាហារពេលព្រឹកឱ្យបានទៀងទាត់ និងកិច្ចការដទៃជាច្រើនទៀត។ អនុវត្តសកម្មភាពទាំងនោះឱ្យទៅជាអាទិភាពក្នុងការថែរក្សាខ្លួនជាប្រចាំ ទោះបីជាមានពេលវេលាតិចតួចក៏ដោយ។

២. ហាត់ប្រាណឱ្យបានទៀទាត់

ជាទូទៅ យើងបានដឹងហើយថា ការហាត់ប្រាណមានប្រយោជន៍ជាច្រើនដែលធ្វើឲ្យសុខភាពល្អរឹងមាំ រួមបញ្ចូលទាំងការកាត់បន្ថយភាពតានតឹង អភិវឌ្ឍន៍ ឬរក្សាថាមពលបានល្អ ជួយបំបាត់ការឈឺចាប់រ៉ាំរ៉ៃផ្សេងៗ និងបង្កើនថាមពលមួយកម្រិតបន្ថែមទៀត។ ការហាត់ប្រាណ គួរតែធ្វើឱ្យបានក្នុងរយៈពេលយ៉ាងហោចណាស់ ៣០ នាទី ក្នុងមួយថ្ងៃ ទោះបីជាតាមរយៈការដើរ ឬហាត់យូហ្គាក៏ដោយ។

៣. ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលខ្លួនស្រឡាញ់

ការចំណាយពេលជាមួយដែលយើងស្រឡាញ់ គឺជាវិធីសាស្រ្តដ៏ប្រសើរមួយ ក្នុងការកាត់បន្ថយភាពតាងតឹង និងលើកកម្ពស់សុភមង្គល។ ទំនាក់ទំនងមិនថា តាមរយៈទូរស័ព្ទ និយាយតាមវីដេអូ ឬតាមរយៈការសួរសុខទុក្ខផ្ទាល់ អ្វីដែលសំខាន់ត្រូវឱ្យប្រាកដថាការភ្ជាប់ទំនាក់ទំនងនោះមានភាពទៀងទាត់។

៤. កំណត់ព្រំដែលផ្ទាល់ខ្លួន

វាពិតជាសំខាន់ណាស់ដែលត្រូវមានការចេះកំណត់ព្រំដែននៃខ្លួនឯង រវាងការងារ និងជីវិតផ្ទាល់ខ្លួន ដើម្បីធានាថា អ្នកបានយកចិត្តទុកដាក់ចំពោះសុខុមាភាព និងនាំប្រយោជន៍ដល់ការបំពេញអាជីពការងារផងដែរ។ នេះមានន័យថា បែងចែកពេលវេលា និងសកម្មភាពនៅកន្លែងធ្វើការ និងរឿងផ្ទាល់ខ្លួនឱ្យដាច់ស្រេចពីគ្នា រួមបញ្ចូលទាំងការសម្រាកពីការលេងបណ្តាញសង្គមដ៏លើសលប់ផងដែរ។

៥. គេងឱ្យបានគ្រប់គ្រាន់

ការគេង ពិតជាមានភាពចាំបាច់ចំពោះសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ប៉ុន្តែជារឿយៗសកម្មភាពនេះត្រូវធ្វើជាចាំបាច់បំផុតនៅពេលដែលអ្នកមានការងាររវល់ច្រើនហើយសម្រាកបានតិច ឬកំពុងមានភាពតាងតឹង។ ត្រូវធ្វើឱ្យប្រាកដថាអ្នកអាចទទួលទានដំណេកយ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងត្រៀមខ្លួនដើម្បីបំពេញការងារនៅថ្ងៃថ្មីមានប្រសិទ្ធភាព។

៦. ស្វែងរកសកម្មភាពដែលនាំឱ្យអ្នករីករាយ

សកម្មភាពថែទាំខ្លួនឯង ដូចជាកម្សាន្តពេលងូតទឹកដោយការច្រៀងលេងជាដើម ឬអានសៀវភៅ និងធ្វើសកម្មភាពដែលនាំឱ្យមានភាពច្នៃប្រតិដ្ឋ ដែលជួយឱ្យកាត់បន្ថយស្រ្តេស និងជំរុញសុខុមាលភាពរស់នៅ។

៧. ធ្វើសកម្មភាពរំឮកស្មារតី

ការស្មឹងស្មាធិ៍ និងរលឹកដឹងសតិជារឿយៗ ជាវិធីសាស្រ្តដែលកាត់បន្ថយស្រ្តេស និងលើកម្ពស់សុខុមាលភាព ហើយវាគឺជាវិធីសាស្រ្តដ៏សាមញ្ញធ្វើឡើងតាមរយៈការផ្តោតទៅលើស្ថានភាពបច្ចុប្បន្ន និងការកាត់ផ្តាច់នូវការបារម្ភ ឬការរំខាននានា។ ព្យាយាមអនុវត្តន៍សម្មភាពរំលឹកដឹងបែបនេះជារៀងរាល់ថ្ងៃ មិនថាតាមរយៈសមាធិ ហាត់យូហ្កា  ឬការអង្គុយដកដង្ហើមមួយៗ វែងៗ។

៨. ស្វែងរកជំនួយពីអ្នកជំនាញ

នៅពេលដែលអ្នកមានអារម្មណ៍ថា ការងាររបស់អ្នកហាក់ផ្ទុកលើសចំណុះ តាងតឹង ឬក៏ថាមពលចាប់ផ្តើមចុះថមថយ និងមិនអាចទ្រទ្រង់បាន អាចថា វាជាពេលដែលត្រូវស្វែងរកអ្នកជំនាញដើម្បីជួយហើយ។ គួរទៅជជែកជាមួយអ្នកឯកទេស ឬអ្នកប្រឹក្សា ដែលមានសមត្ថភាពផ្តល់នៅយោបល់ និងជួយអ្នកក្នុងការអភិវឌ្ឍន៍វិធីសាស្រ្តក្នុងការដោះស្រាយ ជាមួយការប្រឈមនានាក្នុងជីវិត ហើយត្រូវចាំថា ការថែរក្សាខ្លួនគឺជាគន្លឹះសំខាន់ក្នុងការពង្រឹងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។

ជាចុងក្រោយ គួររម្លឹកផងដែរថា ផ្នែកស្មារតី ក៏ដូចជាខួរក្បាលរបស់យើង គឺមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការបញ្ជាដឹកនាំរាងកាយឲ្យធ្វើចលនាជាប្រចាំថ្ងៃ ដូច្នេះការណ៍ដែលខួរក្បាលរបស់យើងរវល់នឹងគិតរឿងពិបាកចិត្ដច្រើន ធុញថប់ច្រើន ក៏ដូចជាស្ពាយជំងឺបាក់ទឹកចិត្ដទៀតនោះ គឺជាមូលហេតុចម្បងឈានទៅរកការកើតមានជំងឺរ៉ាំរ៉ៃផ្សេងៗទៀតក្នុងរាងកាយ។


អត្ថបទទាក់ទង

៥ ជំហាន ដើម្បីដោះស្រាយបញ្ហាភាពតានតឹងនៅកន្លែងធ្វើការ

 

Leave a Reply

Your email address will not be published. Required fields are marked *