មូលហេតុ ៧ យ៉ាង ដែលធ្វើឲ្យយើងបរាជ័យ

បុគ្គលជោគជ័យទាំងឡាយតែងជួបប្រទះ និងទទួលស្គាល់នូវភាពបរាជ័យ។ ចេញពីភាពបរាជ័យ យើងអាចរៀនមេរៀនសំខាន់ៗចំនួន២៖ 

  • វាមានហេតុផលយ៉ាងតិចមួយដែលធ្វើឲ្យយើងបរាជ័យ
  • យើងអាចងើបឡើងបន្តដំណើរទៅមុខទៀត ក្រោយពីបរាជ័យ។

មកដល់ត្រឹមនេះ យើងត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាយើងបរាជ័យ? ហើយយើងត្រូវដោះស្រាយរឿងនេះយ៉ាងដូចម្តេច?

បើយោងតាមលោក ស្ហីវ ខេរ៉ា (Shiv Khera) អ្នកនិពន្ធសៀវភៅ “អ្នកអាចឈ្នះ” (You Can Win) ភាពបរាជ័យជាញឹកញយ កើតឡើងដោយហេតុផលយ៉ាងតិច ១ ក្នុងចំណោម ៧ ។ ហើយលោក ហាវេយ៍ ម៉េកខេយ៍ (Harvey Mackay) អ្នកនិពន្ធដ៏ល្បីល្បាញ និងជាអ្នកបណ្តុះបណ្តាលផ្នែកធុរកិច្ច បាននិយាយថា រាល់ហេតុផលនៃភាពបរាជ័យ អាចផ្តល់មេរៀនដ៏មានតម្លៃសម្រាប់យើង ដើម្បីកុំឲ្យយើងធ្លាក់ក្នុងរណ្តៅដដែលម្តងទៀត។

ខាងក្រោមនេះជាហេតុផលសំខាន់ៗ ដែលបង្កភាពបរាជ័យ និងវិធីទប់ទល់ដើម្បីបញ្ចៀសបញ្ហាមិនឲ្យកើតឡើងម្តងទៀត៖

. កង្វះខាតភាពស្វិតស្វាញ (Lack of Persisitence)

មនុស្សជាច្រើនបរាជ័យមិនមែនដោយសារគេខ្វះចំណេះដឹង ឬជំនាញទេ ក៏ប៉ុន្តែ ដោយសារតែគេឆាប់បោះបង់។ មានពាក្យសំខាន់២ដែលយើងគួរចងចាំ៖ ភាពស្វិតស្វាញតស៊ូទៅមុខ (Persistence) និងភាពស្វិតស្វាញតស៊ូទប់ទល់ (Resistance)។ ចូរមានភាពស្វិតស្វាញតស៊ូទៅនឹងអ្វីដែលត្រូវធ្វើឲ្យបានសម្រេច និងស្វិតស្វាញតស៊ូទប់ទល់នឹងអ្វីដែលមិនគួរធ្វើ។

ចូរសាកល្បងវិធីសាស្រ្តថ្មី នៅពេលវិធីចាស់លែងដំណើរការ ភាពសិ្វតស្វាញជារឿងសំខាន់ ប៉ុន្តែមិនមែនមានន័យថា ត្រូវធ្វើវិធីដដែលៗនោះទេ ហើយទន្ទឹងរង់ចាំលទ្ធផលផ្សេងទេ។ ការប្រើវិធីដដែល ដែលមិនបានផល នឹងមិនធ្វើឲ្យយើងខិតទៅជិតគោលដៅរបស់យើងនោះទេ។ ចូរត្រឡប់ទៅមើលលើការប្រឹងប្រែងរបស់អ្នកពីមុន ដែលមិនជោគជ័យ រួចហើយសម្រេចចិត្តលើវិធីសាស្រ្តណាដែលត្រូវផ្លាស់ប្តូរថ្មី តែកុំបោះបង់គោលដៅរបស់អ្នក។ ចូរធ្វើការកែច្នៃ និងកែតម្រូវវិធីសាស្រ្តរបស់អ្នក ដោយប្រើប្រាស់បទពិសោធន៍របស់អ្នក ជាមគ្គុទ្ទេសក៍ណែនាំផ្លូវ ដើម្បីសម្រេចគោលដៅ

. កង្វះខាតភាពជឿជាក់ (Lack of Conviction)

មនុស្សដែលខ្វះខាតភាពជឿជាក់លើខ្លួនឯង ចូលចិត្តដើរផ្លូវកណ្តាល ដោយភាពស្ទាក់ស្ទើរ។ ប៉ុន្តែតើមានកើតឡើងនៅពាក់កណ្តាលផ្លូវ? នោះគឺអ្នកនឹងត្រូវគេបើកកិនពីលើ។ មនុស្សដែលខ្វះភាពជឿជាក់ ចូលចិត្តសម្របខ្លួនទៅអ្វីគ្រប់យ៉ាង ពីព្រោះគេមិនជឿលើខ្លួនគេ និងគ្មានភាពក្លាហាន។ គេសម្របខ្លួនដើម្បីទទួលបានការចុះសម្រុង បើទោះបីគេដឹងថា ទង្វើដែលពួកគេកំពុងធ្វើខុសក៏ដោយ។

ចូរសម្រេចចិត្តថាអ្វីដែលសំខាន់សម្រាប់អ្នក។ ប្រសិនបើមានរឿងដែលមានតម្លៃសម្រាប់ធ្វើហើយ ចូរធ្វើវាឲ្យបានត្រឹមត្រូវ និងឲ្យអស់ពីចិត្ត។ ទុកឲ្យចំណង់ពេញចិត្តរបស់អ្នក គ្រប់គ្រងការងារនោះទៅ។ វាមិនជាបញ្ហាអ្វីនោះទេ ក្នុងការសហការជាមួយអ្នកដទៃដើម្បីជោគជ័យ ដរាបណាវាមិនប៉ះពាល់ដល់ការលះបង់គុណតម្លៃរបស់អ្នក។

. ការធ្វើសនិទានកម្ម (Rationalization)

អ្នកជោគជ័យតែងវិភាគស្ថានភាព តែគេមិនចុះចាញ់តាមស្ថានភាពនោះទេ។ អ្នកមិនជោគជ័យ ចូលចិត្តសម្របតាមហេតុ ហើយព្យាយាមស្វែងរកហេតុផលផ្សេងៗចេញពីហេតុការណ៍ ដើម្បីបញ្ជាក់ប្រាប់គេឯងថា វាមានហេតុផលផ្សេងៗដែលរារាំងគេមិនឲ្យជោគជ័យ។

ចូរផ្លាស់ប្តូរការគិតរបស់អ្នក។ ចូរកុំគិតថា ការសាកល្បងធ្វើអ្វីមួយមិនជោគជ័យជាភាពបរាជ័យ។ កម្រមានអ្នកទទួលបានជោគជ័យក្នុងការសាកល្បងលើកដំបូងណាស់។ ភាគច្រើន យើងទទួលផលជោគជ័យតាមរយៈការប្រឹងប្រែងម្តងហើយម្តងទៀត។ ចូរប្រឹងប្រែងរៀនសូត្រពីអ្វីដែលកើតឡើង និងយល់ដឹងពីហេតុផលរបស់វា ដើម្បីរិះរកវិធីយកឈ្នះ។

. ការបំភ្លេចចោល មិនរៀនពីកំហុសឆ្គងមុនៗ (Dismissal of Past Mistakes)

មនុស្សមួយចំនួនចេះរស់នៅ និងសិក្សារៀនសូត្រ អ្នកខ្លះបានត្រឹមតែរស់ប៉ុណ្ណោះ។ បរាជ័យ គឺជាគ្រូដ៏ល្អ បើយើងមានឥរិយាបថត្រឹមត្រូវ។ មនុស្សឆ្លាត រៀនពីកំហុសឆ្គងរបស់ពួកគេ – បទពិសោធន៏ គឺជាឈ្មោះដែលពួកគេបានផ្តល់ឱ្យការបរាជ័យ។ 

ចូរកំណត់បញ្ហាឲ្យច្បាស់លាស់។ វិភាគលើស្ថានការណ៍ឲ្យហ្មត់ចត់ – កំណត់អ្វីដែលអ្នកចង់សម្រេច អ្វីជាយុទ្ឋសាស្រ្តដែលត្រឹមត្រូវ មូលហេតុអ្វីដែលមិនដំណើរការល្អ។ តើអ្នកពិតជាមើលឃើញបញ្ហាត្រឹមត្រូវឬទេ? ប្រសិនបើអ្នកត្រូវការលុយ អ្នកអាចមានជម្រើសផ្សេងក្រៅពីបង្កើនចំណូល ដោយអ្នកអាចកាត់បន្ថយការចំណាយ។ ចូរគិតមើលលើវិធីសាស្រ្តផ្សេងៗដែលអ្នកអាចធ្វើបាន។

. កង្វះខាតវិន័យ (Lack of Discipline)

រាល់បុគ្គលដែលសម្រេចជោគជ័យធំធេងតែងមានវិន័យក្នុងខ្លួន។ វិន័យធ្វើឲ្យអ្នកអាចគ្រប់គ្រងខ្លួនបាន ហ៊ានធ្វើការលះបង់ និងជួយបញ្ចៀសរឿងបែកអារម្មណ៍ទាំងឡាយ ព្រមទាំងអាចដើរចៀសឆ្ងាយពីចំណង់ខុសឆ្គងផង។ មានន័យថា វិន័យជួយអ្នកឲ្យផ្តោតអារម្មណ៍លើកិច្ចការរបស់អ្នក។

សូមកុំក្លាយជាអ្នកចង់បានភាពល្អឥតខ្ចោះឲ្យសោះ។ អ្នកអាចមានទស្សនវិស័យដ៏ល្អប្រពៃមួយនៃភាពជោគជ័យរបស់អ្នក ហើយវាអាចជាគ្រឿងលើកទឹកចិត្តដ៏ធំសម្រាប់អ្នក ប៉ុន្តែសូមកុំទន្ទឹងរង់ចាំនូវភាពល្អឥតខ្ចោះនៃការធ្វើដំណើរសំដៅទៅរកក្តីស្រមៃនោះ។ អ្នកត្រូវដឹងថា ការសម្រេចគោលដៅមួយវានឹងមិនលុបបំបាត់បញ្ហាបានទាំងអស់ទេ។ ចូរគិតឲ្យច្បាស់ថា អ្វីដែលជាការពេញចិត្តក្នុងដំណើរសម្រេចគោលបំណងរបស់អ្នក តែកុំជាប់ជំពាក់នឹងភាពល្អឥតខ្ចោះនៃរបៀបសម្រេចគោលបំណងនោះ។

. មាក់ងាយខ្លួនឯង (Poor Self-Esteem)

ការមាក់ងាយខ្លួនឯងគឺជាកង្វះខាតនៃការគោរពខ្លួនឯង និងផ្តល់តម្លៃដល់ខ្លួនឯង។ បុគ្គលដែលមានភាពជឿជាក់ទាបតែងចូលចិត្តនិយាយការពារខ្លួនឯង ដោយមិនប្រឹងប្រែងយកចិត្តទុកដាក់អភិវឌ្ឍខ្លួនទេ។

ចូរកុំលើកស្លាកដែលបន្ថោកតម្លៃខ្លួនឯង។ អ្នកអាចនឹងជូបភាពបរាជ័យ ប៉ុន្តែអ្នកមិនក្លាយជាបុគ្គលបរាជ័យទេ ដរាបណាអ្នកមិនបញ្ឈប់ការសាកល្បងបន្ត។ ចូរចាត់ទុកខ្លួនឯងជាមនុស្សម្នាក់ដែលខំប្រឹងសម្រេចគោលដៅ អ្នកនឹងជួបភាពប្រសើរជាបន្តបន្ទាប់ តាមរយៈការកសាងភាពអំណត់និងភាពស្វិតស្វាញក្នុងការធ្វើដំណើរសំដៅទៅគោលដៅ។

. ឥរិយាបថជឿលើព្រេងវាសនា (Fantastic Attitude)

ឥរិយាបថជឿលើព្រេងវាសនារារាំងមនុស្សមិនឲ្យអើពើទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនទេ។ ពួកគេចាត់ទុកភាពជោគជ័យ ឬបរាជ័យអាស្រ័យលើសំណាង។ គេចុះចាញ់ខ្លួនឯងក្នុងការកំណត់វាសនារបស់គេ ដោយមិនប្រឹងប្រែង ហើយបណ្តោយឲ្យអ្វីៗកើតឡើងតាមយថាកម្មក្នុងដំណើរជីវិតគេ។

ចូរឆ្លុះកញ្ចក់រៀងរាល់ថ្ងៃ ហើយនិយាយថាខ្ញុំជាអ្នកកំណត់ជោគវាសនារបស់ខ្ញុំ អ្នកមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងក្នុងជីវិតអ្នកទេ ក៏ប៉ុន្តែ អ្នកអាចគ្រប់គ្រងរឿងជាច្រើនក្នុងដំណើរជីវិតអ្នក ដែលអ្នកនឹកស្មានមិនដល់។ អ្នកជាអ្នកទទួលខុសត្រូវទាំងស្រុងអំពីភាពរីករាយ និងជោគជ័យរបស់អ្នក។ ឥរិយាបថរបស់អ្នកជាអ្នកកំណត់កម្ពស់ដែលអ្នកអាចឡើងទៅដល់នៅក្នុងសង្គម។ អ្នកអាចប្តូរទិសជីវិតរបស់អ្នកពីក្រោមទៅលើបាន បើអ្នកចាប់យកការទទួលខុសត្រូវសម្រាប់ជោគវាសនាជីវិតរបស់អ្នក។ ចូរកុំបណ្តោយឲ្យព្រេងវាសនាកំណត់ជីវិតរបស់អ្នក។

សម្រួលពី៖ Harvey Mackey, Success, “The 7 reasons we fail”


អត្ថបទទាក់ទង

ការពិត ៧យ៉ាង អំពីជីវិតដែលខ្ញុំគួរដឹងជាយូរមកហើយ

 

Leave a Reply

Your email address will not be published. Required fields are marked *